រូបសំណាកលោកយាយម៉ៅ | រូបភាពផ្សេងៗ

លោកយាយម៉ៅ ជាទេពធីតា នៃអ្នកថែរក្សា ដែលមានល្បីឈ្មោះ ក្នុងការថែរក្សាសន្តិភាព និងភាពស្ងប់សុខ នៅតំបន់ព្រៃភ្នំ នៃប្រទេសកម្ពុជា ដូចជា ខេត្តកំពត ក្រុងកែប និងក្រុងព្រះសីហនុ។ អ្នកទស្សនាមិនដែលរំលង ការចូលទស្សនា និងគោរពលោកយាយម៉ៅ នោះឡើយពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ហើយដើម្បីតបស្នងនឹងការគោរពនេះ លោកយាយតែងតែផ្តល់ការថែរក្សាការពារជានិច្ច ដល់អ្នកដែលគោរពសក្ការៈចំពោះគាត់។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីបង្ហាញការគោរពដល់បារមីលោកយាយម៉ៅ អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនស៊ូគីម៉ិច អ៊ិនវែស មិនគ្រុប បានកសាងរូបសំណាកធំបំផុត ដែលមានកំពស់២៩ ម៉ែត្រ នៅលើឧទ្យានជាតិភ្នំបូកគោ។ រូបសំណាកនេះ ត្រូវបានកំណត់ទីតាំងនៅលើកំពូលភ្នំ(កម្ពស់១០៧៥ម៉ែត្រ) ដែលអាចមើលឃើញឆេ្នរសមុទ្រទាំងមូល។ អ្នកទស្សនាដែលឡើងដល់កំពូលភ្នំ មិនអាចរំលង ការឈប់សម្រាក ហើយចូលគោរពរូបសំណាក លោកយាយម៉ៅនោះទេ។ រូបសំណាកត្រូវបានជឿថា អាចមើលឃើញតាំងពីបាតនៃជើងភ្នំ។

រូបសំណាកលោកយាយម៉ៅ បានក្លាយជាកំណត់សម្គាល់នៃឧទ្យានជាតិបូកគោ ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ វាមិនត្រឹមតែជាគម្រោងការងារមួយគួរឲ្យកត់សម្គាល់ប៉ុណ្ណោះទេ ថែមទាំងជាសំណង់សិល្បៈផ្នែកជំនឿដ៏ចំណានមួយ នៅក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន។ រូបសំណាកនេះនឹងក្លាយជាបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិ។
Lork Yeay Mao Lork Yeay Mao Lork Yeay Mao Lork Yeay Mao
ស្ថាបត្យកម្ម

ភ្នំបូកគោ ត្រូវបានរកឃើញដោយជនជាតិបារាំង នៅឆ្នាំ១៩១៧ ហើយអភិវឌ្ឍន៌ទៅជារមណីយដ្ឋាននៅឆ្នាំ១៩២១។ វិហារកាតូលីកមួយត្រូវបានសាងសង់កំឡុងការអភិវឌ្ឍន៌នៃរមណីយដ្ឋាន ចំណែក វត្តសំពៅប្រាំ របស់ខ្មែរ ត្រូវបានសាងសង់នៅឆ្នាំ១៩២៤។

នៅឆ្នាំ២០០៨ ការអភិវឌ្ឍរមណីយដ្ឋានឋានសួគ៌បូកគោលើភ្នំបូកគោ និង គម្រោងសំណង់រូបសំណាក លោកយាយម៉ៅ ត្រូវបានធ្វើឡើង។

គោលបំណងនៃការសាងសង់រូបសំណាកនេះ គឺដើម្បីគោរពដល់លោកយាយម៉ៅ ដែលជាព្រលឹងនៃអ្នកថែរក្សាភ្នំ និងសមុទ្រ និងត្រូវបានសាងសង់សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ គោរព បន់ស្រន់សុំសេចក្តីសុខ និងសុវត្ថិភាព។

សំណង់រូបសំណាកលោកយាយម៉ៅ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ និងបញ្ចប់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២។ រូបសំណាកនេះ ត្រូវបានសាងសង់ឡើងពីស៊ីម៉ង់ ដែលមានកម្ពស់ ២៩ ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅជិតច្រាំងចោទនៃឆ្នេរសមុទ្រ។

Lork Yeay Mao Lork Yeay Mao Lork Yeay Mao Lork Yeay Mao
បញ្ហាប្រឈម

ដើម្បីសាងសង់រូបសំណាកដ៏ធំនេះ ក្រុមវិស្វករបានជួបប្រទះបញ្ហាជាច្រើន មុនពេលសម្រេចបានគម្រោងដ៏គួរឲ្យកត់សម្គាល់នៃខេត្តកំពត ។

1- ទីតាំង
សំណង់ត្រូវបានសាងសង់នៅលើភ្នំ ដូច្នេះ វាមានការលំបាកទ្វេរដង ក្នុងការសម្រេចគម្រោងនេះ។ ដោយសារផ្លូវធ្វើដំណើរទៅលើភ្នំ មិនទាន់សាងសង់រួចរាល់ ពេលខ្លះកម្មករត្រូវលើកឥវ៉ាន់ដោយដៃ ដើម្បីទៅដល់ការដ្ឋាន។ មធ្យោបាយដឹកជញ្ជូនសម្ភារៈសំណង់ក៏ត្រូវការពេលយូរ ដើម្បីយកពីដីរាបឡើងទៅលើភ្នំ។

2- ការរចនា
ផ្នែកដែលលំបាកបំផុតក្នុងការរចនា គឺផ្ទៃមុខ។ វាមិនត្រឹមតែជាទម្រង់មុខប៉ុណ្ណោះទេ តែជាផ្ទៃមុខដែលមានទំហំ ៣,៦ម៉ែត្រ ដែលស្មើនឹងជិត១០ដង នៃរូបសំណាកធម្មតា ដែលគេធ្វើលក់នៅតាមហាង។

3- អាកាសធាតុ
ភ្នំបូកគោ ត្រូវបានស្គាល់ថា មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ វាគឺជាកន្លែងដ៏គួរឲ្យចាប់អារម្មណ៌ក្នុងការទស្សនា ប៉ុន្តែដោយសារសំណង់ត្រូវការចំណាយពេលរហូតដល់២ឆ្នាំ ដូច្នេះ អ្នកសាងសង់ត្រូវការអត់ធ្មត់យ៉ាងខ្លាំងនៅទីនោះ។ នៅរដូវក្តៅ (ពីខែតុលាដល់មេសា) អាកាសធាតុនៅទីនោះគួរឲ្យរីករាយបន្តិច។ សំណង់ត្រូវបានសាងសង់បានល្អ។ ប៉ុន្តែវាមានការលំបាកនៅរដូវភ្លៀង (ពីខែឧសភាដល់កញ្ញា) ដោយភ្លៀង និងខ្យល់ មានសភាពខ្លាំងក្លា វាបានបង្ខំឲ្យកម្មករផ្អាកការងាររបស់ពួកគេ។ ចំណែក អ័ព្ទក៏បានធ្លាក់ចុះ នៅពេលកំពុងសាងសង់ផងដែរ។

4- ការជួសជុល
ដោយសាររូបសំណាកមានទីតាំងនៅទីវាល និងនៅលើភ្នំកម្ពស់១០៧៥ ម៉ែត្រ វាទទួលរងឥទ្ធិពលភ្លៀង ពពក និងខ្យល់ពីសមុទ្រ ដែលធ្វើឲ្យប្តូរពណ៌យ៉ាងឆាប់ជាងធម្មតា។ ក្រុមវិស្វកររបស់យើងត្រូវការជួសជុល២ ឬ៣ ឆ្នាំ ម្តង ដើម្បីរក្សារូបរាង និងពណ៌របស់រូបសំណាកឲ្យនៅល្អ។ ការជួសជុល គឺរាប់ទាំងការសម្អាតស្លែ និងលាបថ្នាំ។

5- ការកំណត់កាលបរិច្ឆេទ
ពីដំបូង រូបសំណាកត្រូវបានកំណត់ពេលសាងសង់ឲ្យរួចរាល់ត្រឹមរយៈពេល១ឆ្នាំ ប៉ុន្តែត្រូវពន្យាពេលរហូតដល់២ឆ្នាំ ដោយសារតែលក្ខខណ្ឌអាកាសធាតុ និងមធ្យោបាយដឹកជញ្ជូន។
រូបសំណាក នាំមកនូវកិរិយាសមាធិ ដោយបង្ហាញនូវភាពស្ងប់ និងសន្តិភាព តាមរយៈ ការអង្គុយលើអាសនៈ៣ ជាន់។ រូបសំណាកត្រូវបានលាបពណ៌ ជារូបស្លៀកសំពត់ពណ៌ខ្មៅ ពាក់អាវស និងបង់ក្រមាពណ៌លឿង ដែលជាគ្រឿងសម្គាល់ នៃប្រពៃណីស្លៀកពាក់របស់ដូនជី ។
សំណង់ទាំងមូលមានតម្លៃជាង២១ម៉ឺនដូល្លាអាមេរិក (២១០,១៨២)។

Lork Yeay Mao Lork Yeay Mao Lork Yeay Mao Lork Yeay Mao

ទិដ្ឋភាពដ៏គួរឲ្យរំភើប

នៅទីតាំងរូបសំណាកលោកយាយម៉ៅ ភ្ញៀវអាចមើលឃើញទិដ្ឋភាពដ៏គួរឲ្យរំភើបនៃសមុទ្រពណ៌ខៀវ ព្រំដែនសមុទ្រ ច្រាំងសមុទ្រ និងទិដ្ឋភាពធំទូលាយនៃ ខេត្តកំពត។ វាក៏ជាកន្លែងសន្តិភាពឥតខ្ចោះ ក្នុងការរីករាយទស្សនា។

ប្រសិនបើអ្នកអាចឆ្លងកាត់ទីនោះនៅពេលល្ងាច អ្នកអាចរង់ចាំបន្តិចដើម្បីទស្សនាទិដ្ឋភាពដ៏គួរឲ្យរំភើប នៃព្រះអាទិត្យលិចចូលទៅក្នុងសមុទ្រ។

នេះគឺជាទិដ្ឋភាពដ៏គួរឲ្យរំភើប ដែលអ្នកអាចមើលឃើញ ប្រសិនបើលោកអ្នកមកទស្សនារូបសំណាកលោកយាយម៉ៅ។

Lork Yeay Mao Lork Yeay Mao Lork Yeay Mao

ប្រវត្តិនិទាន

កំពូលមេទ័ពស្រីម៉ៅ ឬជំទាវមេទ័ពម៉ៅ មានប្រភពអះអាងផ្សេងៗគ្នា អំពីប្រវត្តិរបស់យាយម៉ៅ ក្នុងចំណោមនោះ មានប្រវត្តិនិទានមួយបានអះអាងថា យាយម៉ៅគឺជាមេទ័ពកំពូលបន្តពីលោកមេទ័ពគ្រី។ ដើមឡើយស្ថិតនៅក្នុងយុវវ័យពេញរូបពេញរាង សម្បុរណ៍ខ្មែរស្រអែម ស្រីម៉ៅ មិនទាន់មានគូរស្រករនៅឡើយទេ ហើយក៏ពុំទាន់មានតួនាទីអ្វីនៅក្នុងជួរទ័ពដែរ។

អំឡុងពេលជាង៥០០ឆ្នាំមុន សង្រ្គាមឈ្លានពានរបស់ពួកសៀមមកលើប្រទេសខ្មែរបានកើតមានយ៉ាងខ្លាំងក្លា។ ការវាយប្រយុទ្ធ ដើម្បីការពារទឹកដីខ្មែរបានធ្វើឱ្យមានការពលីសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារីយើងរាប់សិបឆ្នាំ។

ថ្ងៃមួយលោកគ្រីជាមេទ័ពកំពូលភូមិភាគនិរតីគ្រប់គ្រងដែនគោក ដែនទឹក (តំបន់សមុទ្រ) របស់ប្រទេសខ្មែរ រួមមាន កោះកុង កំពត ក្រុងព្រះសីហនុ និងមួយផ្នែកនៅពាយ័ព្យដូចជាពោធិ៍សាត់ជាដើម បានទទួលយកស្រីម៉ៅមកធ្វើជាជំនួយការផ្ទាល់។ លោកមេទ័ពគ្រី ក្នុងការទប់ទល់ច្រើនយប់ច្រើនថ្ងៃក៏ត្រូវកងទ័ពសៀមសម្លាប់ចោលនៅលើមូលដ្ឋានសឹកចុងក្រោយក្នុងខេត្តកោះកុងបាត់ទៅ។ ចំណែកឯទ័ពទាំងឡាយដែលនៅសេសសល់ទាំងអស់កាលបើឃើញមេទ័ពធំស្លាប់បែបនេះក៏កើតចលាចលបាក់ទឹកចិត្តយ៉ាងខ្លាំង។

រីឯស្រីម៉ៅមេទ័ពរងវិញពេលដែលឃើញសភាពទ័ពបាក់ទឹកចិត្តហេវហត់ស្លាប់និងរបួសឥតគណនាយ៉ាងដូច្នេះ ក៏សម្រេចចិត្តមុខវាយបើកផ្លូវ ដើម្បីគេចចេញពីការហ៊ុមព័ទ្ធ នាំទ័ពដែលនៅសេសសល់ទាំងអស់ដកថយមកដល់ស្រែអំបិល និងបន្តមកប្រមូលផ្តុំកម្លាំងទ័ពនៅលើកំពូលភ្នំពេជ្រនិល ដែលជាភ្នំយុទ្ធសាស្ត្រអាចទប់ទល់ការរុលមកមុខរបស់កងទ័ពសៀមបាន។

កាលបើលោកមេទ័ពគ្រីស្លាប់បាត់ទៅស្រីម៉ៅក៏ត្រូវបានព្រះរាជាខ្មែរ តែងតាំងជាមេទ័ពកាន់កាប់ភូមិភាគនិរតីចាប់ពីពេលនោះមក។ មិនយូរប៉ុន្មានស្រីម៉ៅ បានប្រមូលកងទ័ពនិងយុទ្ធជនស្នេហាជាតិទាំងអស់រៀបក្បួនយុទ្ធសាស្ត្រវាយសម្រុកទាំងផ្លូវទឹកនិងផ្លូវគោកទៅលើកងទ័ពសៀម នៅខេត្តកោះកុង ដើម្បីដណ្តើមយកទឹកដីខ្មែរមកវិញរហូតបានទទួលជោគជ័យជាស្ថាពរ។

ដោយស្រីម៉ៅចេះមន្តអាគមប្ញទ្ធិបារមីស្រាប់ផង ស្រីម៉ៅបានប្រើកងទ័ពស្មៅឬស្លឹកអំបិលចូលលុកលុយគ្រប់បន្ទាយឈរជើងរបស់ទ័ពសៀម។ កងទ័ពស្មៅ និងកងទ័ពស្លឹកអំពិលមានចំនួនរាប់សែននាក់ចូលជំរុំទាហានសៀម ខាប់ទឹក ខាប់ដី ធ្វើឱ្យទ័ពសៀមមានការជ្រួលច្របល់បាក់ទ័ពភ័យខ្លាចគ្មានស្មារតីប្រយុទ្ធទាល់តែសោះ។ ចាប់តាំងពីពេលដែលជំទាវម៉ៅស្លាប់បាត់ទៅនោះ ទោះបីជាទ័ពសៀមប្រាថ្នាដណ្តើមយកខេត្តកោះកុងសារជាថ្មីទៀតក្តី ក៏នៅតែមិនអាចទទួលជោគជ័យបានដដែលព្រោះពលទាហានខ្មែរបានចេះចាំយុទ្ធវិធីសឹកដែលជំទាវម៉ៅបង្ហាត់បង្ហាញ ហើយរាល់មុនការប្រយុទ្ធ ទាហានទាំងអស់តែងតែបួងសួងសុំឱ្យវិញ្ញាណជំទាវម៉ៅចូលមកសណ្ឋិតនៅក្នុងរូបកាយរបស់គេគ្រប់ៗគ្នា ដើម្បីឱ្យក្លាយទៅជាកម្លាំងមហិមាបង្រ្កាបសត្រូវទទួលបានជោគជ័យគ្រប់សមរភូមិ។

បារមីជំទាវម៉ៅបានល្បីល្បាញគ្រប់ទិសទី នៅតាមបណ្តាខេត្តតំបន់ជាប់មាត់សមុទ្រជួយដល់អ្នកដែលគោរពបូជារូបគាត់គ្រប់ៗគ្នា តាំងពីពេលនោះរហូតដល់សព្វថ្ងៃ។ ហើយដង្វាយនៃការបន់ស្រន់គេតែងតែដាក់នូវលិង្គសិប្បនិមិត្ត ឬចេតិយ៍សម្រាប់ធ្វើជាទីកន្លែងឱ្យវិញ្ញាណស្នាក់អាស្រ័យ។

កំណត់និពន្ធរឿងនិទាននេះគេអាចយកជាការបាន ដោយសារសាច់រឿងនេះស្របគ្នាជាមួយនឹងរូបសំណាកយាយម៉ៅ គឺមានគ្រងឯកសណ្ឋានជាមន្ត្រីហើយកាន់ដំបងនាគមួយបង្ហាញពីភាពជាមេទ័ពដ៏អង់អាចមួយរូប។

និទានប្រវត្តិដកស្រង់ចេញពីសៀវភៅ ជីវិតអាថិ៍កំបាំងលោកយាយម៉ៅ
ស្រាវជ្រាវ និងនិពន្ធដោយ លោក គង់ យុទ្ធនា (ហៅវង្ស វាសនា)
ចាងហ្វាងការផ្សាយដោយ លោក ថាន់ លក្ខិណា (លក្ខ័ណ៍)