កេរតំែណល

វត្តសំពៅប្រាំ
“វត្តសំពៅប្រាំ” ត្រូវបានដាក់ឈ្មោះទៅតាមថ្មដែលដុះឡើងមកនៅពីមុខមានរាងដូចជាសំពៅប្រាំតម្រៀបគ្នា។ អ្នកនឹងបានស្តាប់ប្រវត្តិរឿងនិទានទាក់ទងនឹងថ្មនេះពីមគ្គុទេសក៌របស់យើង។ នៅខាងក្រោយព្រះវិហារ អ្នកនឹងបានឃើញទេសភាពនៃព្រៃព្រឹក្សាពណ៌ខៀវស្រងាត់នៅលើដងភ្នំ និងផ្ទៃសមុទ្រធំល្វឹងល្វើយឆ្ងាយសន្លឹម អមដោយផ្ទាំងពពកដេរដាសគួរជាទីគយគន់ពេកក្រៃ។
សណ្ឋាគារនិងកាស៊ីណូ ឡឺ បូកគោ
សំណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគមនិងរាស្រ្តនិយម។ ក្រោយពីត្រូវបោះបង់ចោល សណ្ឋាគារនេះបានប្រែសម្បុរទៅតាមកាលវេលា ប៉ុន្តែអគារទាំងមូលនៅមានសភាពរឹងមាំនៅឡើយ ហើយបច្ចុប្បន្នកំពុងត្រូវបានជួលជុលលាបពណ៌ឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។
ព្រះវិហារកាតូលិកចាស់
ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ1920 ដែលជាផ្នែកមួយនៃការសាងសង់បុរីលំហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។
ដំណាក់ស្លាខ្មៅ
ដំណាក់ស្លាខ្មៅ គឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលំហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ1936។ អគារទាំងមូលនៅមានសភាពរឹងមាំ ប៉ុន្តែទ្វារនិងបង្អួចត្រូវបានបាត់បង់អស់ហើយ។ នៅទីនេះ អ្នកនឹងបានឃើញពីទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខាងក្រោយដំណាក់ ហើយទីនេះក៏ជាទីកន្លែងសម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចដ៏អស្ចារ្យផងដែរ។
ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច
ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់ឡើងនៅក្បែរមាត់ជ្រោះ ដែលអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក និងព្រះអាទិត្យរះរៀងរាល់ព្រឹកថែមទៀត។ វាជាដំណាក់ដែលព្រះបាទមុនីវង្ស ទ្រង់សម្រាកកម្សាន្តគេចពីអាកាសធាតុក្តៅនារាជធានីភ្នំពេញ។ ដំណាក់ព្រះបាទមុនីវង្សស្ថិតនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីរមណីយដ្ឋានឋានសួគ៌បូកគោ។