ការកម្សាន្តជាមួយនឹងធម្មជាតិ
- ការជិះកង់និងរ៉ឺម៉ក
-
នៅលើភ្នំបូកគោនេះ អ្នកអាចរីករាយនឹងការទស្សនាធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្រ្តនានាតាមរយៈការជិះកង់ឬរ៉ឺុម៉ក។ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ពេញមួយឆ្នាំលើភ្នំបូកគោ នឹងធ្វើឲ្យលោកអ្នករីករាយ បាត់អស់ទុក្ខកង្វល់នានា។ សូមកុំភ្លេចដកដង្ហើមវែងៗស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅពេលដែលលោកអ្នកទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំបូកគោ។
- ការដើរព្រៃ
-
ចូលរួមធ្វើការរុករកនូវសម្រស់ធម្មជាតិដែលលាក់កំបាំងក្នុងព្រៃបូកគោជាមួយនឹងកម្មវិធីដើរព្រៃ ដែលមានរយៈពេលចាប់ពី3ម៉ោងដល់7ម៉ោង។ ដើមរុក្ខជាតិចម្លែកៗតូចធំនានាជាច្រើនប្រភេទនៅលើភ្នំបូកគោ នឹងទាក់ទាញការចាប់អារម្មណ៍របស់លោកអ្នកឲ្យភ្លេចអស់ពីភាពភ័យខ្លាចនិងនឿយហត់ដែលមាន ផ្ទុយទៅវិញភាពស្រស់ស្អាតរបស់ព្រៃបូកគោ នឹងធ្វើឲ្យអ្នកចម្លែកភ្នែក ប្លែកអារម្មណ៍ហើយរំភើបរីករាយជាប់ជានិច្ចរហូតដល់គោលដៅចុងក្រោយ។ អ្នកនាំផ្លូវរបស់យើងនឹងរង់ចាំស្វាគមន៍លោកអ្នក ដើម្បីធ្វើដំណើរស្វែងរកភាពរំភើបរីករាយនិងអារម្មណ៍ជោគជ័យសម្រាប់ដំណើរកម្សាន្តលើភ្នំបូកគោ ដូចដែលលោក រូលូស បានធ្វើកន្លងមកផងដែរ។
- កន្លែងសមាធិ
-
មិនថាទីតាំង សម្រស់ធម្មជាតិ ឬបរិយាកាស ឧទ្យានជាតិភ្នំបូកគោ មានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ការកម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។ នៅមិនឆ្ងាយពីរមណីយដ្ឋាន ឋានសួគ៌បូកគោ មានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្តិសិទ្ធិជាច្រើនដែលកំពុងរង់ចាំលោកអ្នក មកសម្រាកបន្ធូរអារម្មណ៍ ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្ត កែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លា និងរក្សារាងកាយនិងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ។
- ទឹកជ្រោះពពលវិល
-
ទឹកជ្រោះពពកវិលត្រូវបានគេដាក់ឈ្មោះឲ្យសមទៅនឹងការពិតនៃទីកន្លែងមួយនេះ ដែលមានផ្ទាំងពពកនៅអណ្តែតត្រសែតពីខាងលើជាប់មិនលោះពេល។ នៅក្នុងរដូវវស្សា ទឹកជ្រោះពពកវិលមានសម្រស់ស្រស់ស្អាតនិងអាចឲ្យភ្ញៀវទេសចរហែលលេងបាន ។ នៅទីនេះ អ្នកអាចអង្គុយសម្រាកលំហែ ដើរគយគន់ព្រៃព្រឹក្សា និងទទួលទានអាហារថ្ងៃត្រង់ ដោយជ្រើសយកបរិវេណក្បែរទឹកជ្រោះ ឬនៅខាងក្នុងភោជនីយដ្ឋានទឹកជ្រោះពពកវិល។
- បដិមាលោកយាយម៉ៅ
-
បដិមាលោកយាយម៉ៅ មានកម្ពស់29 មែ៉ត្រ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 2010 ស្ថិតក្នុងឥរិយាបថអង្គុយសមាធិបែរព្រះភក្រ្តសម្លឹងទៅកាន់ផ្ទៃសមុទ្រ។ បដិមាលោកយាយម៉ៅដ៏ធំសម្បើមដែលមានអាសនៈលើភ្នំបូកគោនេះ គឺជាទីកន្លែងបូជាថ្មីមួយរបស់ប្រជាជនខ្មែរដែលគោរពជឿជាក់លើព្រលឹងដែលថែរក្សាអ្នកដំណើរទាំងឡាយឲ្យមានសេចក្តីសុខនិងសុវត្ថិភាព។
អានបន្ថែម⇢
- វាលស្រែ100
-
ជាដំបូង អ្នកប្រហែលជាចាប់អារម្មណ៍នឹងឈ្មោះដ៏ពិរោះរបស់ទីកន្លែងមួយនេះ បន្ទាប់មកអ្នកក៏អាចនឹងភ្ញាក់ផ្អើលចំពោះទេសភាពនោះទីនេះផងដែរ។ វាមិនមែនជាវាលស្រែទេ តែវាគឺជាផ្ទាំងថ្មដែលដុះរដិបរដុបខណ្ឌចែកវាលស្មៅដ៏ធំល្វឹងល្វើយ។ វាលស្រែ១០០ ជាទីកន្លែងមួយដ៏ស្រស់ស្អាតសម្រាប់ការផិ្តតយករូបភាពអនុស្សាវរីយ៍នៅក្នុងម៉ាស៊ីនថតរបស់អ្នក។
- វាលស្រែ500
-
វាលស្រែ500 មានចម្ងាយ១៧គីឡូម៉ែត្រពីរមណីយដ្ឋាន ឋានសួគ៌បូកគោ ដែលចំណាយពេលធ្វើដំណើរប្រហែលជា៣០នាទីតាមរថយន្ត។ វាលស្រែ500 គឺជាឈ្មោះនៃតំបន់ព្រៃភ្នំធម្មជាតិមួយកន្លែងដែលលាក់ខ្លួនពួនអាត្មាជាយូរមកហើយនៅលើភ្នំបូកគោ ដែលរមណីយដ្ឋានទើបនឹងបាន ត្រួសត្រាយផ្លូវថ្មី ឲ្យភ្ញៀវបានចូលទស្សនា។
ប្រសិនបើប្រៀបធៀបជាមួយនឹងវាលស្រែ១០០ តំបន់ដែលទើបរកឃើញនេះពោរពេញដោយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែក ជាមួយនឹងផ្ទាំងថ្មធំតូចជាច្រើន ដែលមានរូបរាងជាសត្វនិងវត្ថុ រាយពាសពេញ ព្រមទាំងដើមឈើមួយប្រភេទប្រចាំបូកគោ គឺដើមស្រូយ។ នៅទីនេះ ក៏ជាជម្រករបស់ផ្កាបំពង់ក្រឡោម ផ្កាអ័រគីដេព្រៃ និងសត្វមេអំបៅជាច្រើនប្រភេទផងដែរ។
នៅពេលអ្នកធ្វើដំណើរដោយថ្មើជើងឬម៉ូតូចូលជ្រៅទៅក្នុងព្រៃ ទេសភាពដ៏ទាក់ភ្នែកនៃវាលស្រែ៥០០ នឹងធ្វើឲ្យអ្នកចង់ចំណាយពេលវេលាកាន់តែយូរដើម្បីគយគន់ធម្មជាតិដ៏ស្អាតប្លែកអស្ចារ្យទាំងនោះ។ ទីនេះគឺជាឋានសួគ៌! គឺជាទឹកដីរបស់ទេវតា! ផ្ទាំងពពកពណ៌សដេរដាសទាំងឡាយបានស្ថិតនៅចុងម្រាមដៃរបស់អ្នក ចំណែកឯដីដែល អ្នកកំពុងតែឈរពីលើនោះ មានពណ៌សនិងជះពន្លឺព្រិចៗគ្រប់ទីកន្លែង...អ្នកកំពុងតែនៅលើសួននៃឋានសួគ៌ាដែលមានតែទេវតានិងទេពធីតាប៉ុណ្ណោះទើបអាចស្វែងរកភាពរីករាយនេះបាន។
ប្រសិនបើអ្នកដូចជាអ្នកដំណើរមួយចំនួនដែលមិនចូលចិត្តភាពសើមជោកនៃរដូវមូសុងវស្សា(ខែមិថុនាដល់កញ្ញា) អ្នកអាចធ្វើដំណើរនៅចុងខែកញ្ញា រហូតដល់ខែឧសភា។ ចាប់ពីខែតុលា ដល់ខែមីនា អាកាសធាតុត្រជាក់ល្មមហើយមេឃក៏ស្រឡះល្អ។ មគ្គុទេសក៏របស់យើងនឹងជួយសម្រួលរាល់ការស្នើសុំរបស់អ្នក។
- ក្លោងទ្វារមេឃ
-
នេះជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀតនៅលើភ្នំបូកគោ។ ថ្មសងខាងមានសណ្ឋានស្រដៀងទៅនឹងខ្លោ ងទ្វារហើយវាបានត្រូវគេអោយឈ្មោះថាច្រកទ្វាររវាងឋានមនុស្សនិងឋានសួគ៌តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ ។
- ថ្មមុខយក្សឬអ្នកថែរក្សាព្រៃ
-
នៅពេលដែលលោកអ្នកធ្វើដំណើរឡើងភ្នំបូកគោ សូមកុំភ្លេចឈប់សម្រាកនៅគីឡូម៉ែត្រលេខ10 ដើម្បីផ្តិតយករូបភាពដ៏ចម្លែកអស្ចារ្យរបស់ផ្ទាំងថ្មដែលមានសណ្ឋានជាមុខមនុស្ស ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា«ថ្មមុខយក្ស» ឬហៅម្យ៉ាងទៀតថា«អ្នកថែរក្សាព្រៃ»។ កាលពីមុន ថ្មមុខយក្សនេះគឺជាទីកន្លែងដែលអ្នកដើរព្រៃនិងអ្នកធ្វើដំណើរនានាគោរពបន់ស្រន់សុំសេចក្តីសុខ។