ខេត្តកំពត

កំពតគឺជាខេត្តឆ្នេរសមុទ្រធំជាងគេទី3ក្នុងប្រទេសកម្ពុជា និងល្បីល្បាញដោយសារម្រេចកំពត ដែលជាម្រេចមានគុណភាពល្អចំណាត់ថ្នាក់ពិភពលោក។ ខេត្តនេះមានរមណីយដ្ឋានធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្ត្រសម័យអាណានិគមជាច្រើនសម្រាប់ភ្ញៀវទស្សនានិងស្វែងយល់។

កំពត ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា មានឆ្នេរសមុទ្រប្រវែង80គីឡូម៉ែត្រ និងមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តកោះកុងនិងកំពង់ស្ពឺនៅភាគខាងជើង ខាងកើតជាប់ខេត្តតាកែវ ខាងលិចជាប់ខេត្តព្រះសីហនុនិងកែប ហើយភាគខាងត្បូងជាប់នឹងឈូងសមុទ្រថៃ។

ទីក្រុងកំពត គឺជាទីក្រុងមួយសម្បូរទៅដោយអគារហាងចិនច្រើនជាងគេក្នុងសម័យអាណានិគមបារាំង និងមានសម្រស់ស្រស់ស្អាតគួរជាទីស្ញប់ស្ញែងក្នុងពេលអតីត។ ទីក្រុងដ៏តូចហើយស្ងប់ស្ងាត់មួយនេះ គឺជាច្រកផ្លូវទៅកាន់ឧទ្យានជាតិព្រះមុនីវង្ស ដែលល្បីរន្ទឺតាមរយៈអាកាសធាតុត្រជាក់ពេញមួយឆ្នាំនិងអគារប្រវតិ្តសាស្រ្តបន្សល់ទុកពីសម័យអាណានិគម។

ទិដ្ឋភាពដ៏ស្រស់ត្រកាលពីលើកំពូលភ្នំបូកគោ គឺជាការទាក់ទាញដ៏ខ្លាំងក្លាចំពោះភ្ញៀវទេសចរដែលមកកម្សាន្តខេត្តកំពត។ ទឹកឈូ និង រមណីយដ្ឋានព្រែកអំពិល គឺជាទីកន្លែងសម្រាប់សម្រាកកម្សាន្តដែលស្ថិតនៅជិតបង្កើយពីទីក្រុងកំពត។ ដោយឡែក រូងភ្នំ ចំការធុរេន ចំការម្រេច ស្រែអំបិល និងតំបន់សត្វស្លាបគឺសុទ្ធសឹងតែជាតំបន់ដែលគួរទស្សនាកម្សាន្តនៅខេត្តក្នុងកំពត។ បច្ចុប្បន្ន ខេត្តឆ្នេរសមុទ្រមួយនេះ គឺជាខេត្តមួយដែលមានសក្តានុពលផ្នែកអេកូទេសចរណ៍ផងដែរ ដោយមានឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោកម្ពស់1980ម៉ែត្រកំពុងរង់ចាំភ្ញៀវទេសចរជិតឆ្ងាយមកទស្សនាកម្សាន្ត។

លើសពីនេះ ខេត្តកំពត ក៏ធ្លាប់ជាខេត្តកំពង់ផែមួយដ៏សំខាន់ក្នុងការធ្វើជំនួញផងដែរនៅមុនទសវត្សរឆ្នាំ១៩៥០ ប៉ុន្តែក្រោយមកក៏គ្មានប្រតិបតិ្តការព្រោះតែមានការសាងសង់កំពង់ផែនៅខេត្តព្រះសីហនុ។ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រង់របស់អាណានិគមបារាំង សំណង់បែបអាណានិគមជាច្រើនត្រូវបានធ្វើសាងសង់យ៉ាងគគ្រឹកគគ្រេងជាងនៅខេត្តដទៃ។ ជាក់ស្តែង អគារផ្ទះម៉ូដបារាំងដែលសង់ជាជួរ មានពិដានខ្ពស់ៗ ព្រមទាំងពណ៌អគារពណ៌លឿងពងមាន់នៅអមព្រែកនោះជាភស្តុតាងស្រាប់។

លើសពីនេះ ខេត្តកំពត ក៏ធ្លាប់ជាខេត្តកំពង់ផែមួយដ៏សំខាន់ក្នុងការធ្វើជំនួញផងដែរ នៅមុនទសវត្សរឆ្នាំ១៩៥០ ដែលពេលនោះមានការសាងសង់កំពង់ផែខេត្តព្រះសីហនុកើតឡើង។ ការគ្រប់គ្រងរបស់អាណានិគមបារាំងនាពេលនោះ គឺខ្លាំងក្លាជាងនៅខេត្តដទៃ ជាក់ស្តែង ផ្ទះម៉ូដបារាំងដែលនៅអមព្រែកនោះជាភស្តុតាងស្រាប់។ អគារដែលរឹងមាំ មានពិដានខ្ពស់ អមជាមួយនឹងពណ៌អគារពណ៌លឿងពងមាន់ គឺជាតំណាងពីការរៀបចំនិងការគ្រប់គ្រងរបស់បារាំង។

សំណង់អគារអាណានិគមបារាំង
ក្រៅអំពីសំណង់អគារដ៏ធំស្កឹមស្កៃប្រកបដោយភាពប្រណីតនៅលើកំពូលភ្នំបូកគោហើយនោះ ខេត្តកំពតមានសំណង់អគារដែលមានលក្ខណៈជាប្រវតិ្តសាស្រ្តមួយចំនួនទៀតនៅអមទន្លេ ដែលលោកអ្នកគួរតែទៅទស្សនា។ បើទោះជាត្រូវទទួលរងនូវការវាយប្រហារពីសំណាក់កាលវេលាយ៉ាងណាក្តី ក៏អគារនៅខេត្តកំពត នៅតែបង្ហាញនូវភាពស្រស់ស្អាតរបស់ខ្លួនគួរឲ្យគយគន់ដដែល ជាពិសេសអគារលក់ទំនិញដែលមានដំបូលពណ៌ក្រហម ជញ្ជាំងពណ៌លឿងពងមាន់នោះឯង។
ខេត្តកំពតត្រូវបានបង្កើតឡើងរាប់សតវត្សរមកហើយ ប៉ុន្តែទីតាំងនិងហេដ្ឋារចនាសម័្ពន្ធនៃទីក្រុង ត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈស្រស់ស្អាតទាន់សម័យនៅអំឡុងពេលអាណានិគមបារាំង នាចុងសតវត្សរទី19និងដើមសតវត្សរទី2០។ អគារជាច្រើនអមសងខាងផ្លូវនិងទន្លេ ត្រូវបានសាងសង់ឡើងក្នុងអំឡុងពេលនោះ។ នៅភាគខាងត្បូងនៃទីក្រុង មានអគារដែលមានរចនាបថបារាំងមួយចំនួនដែលក្នុងនោះមានទាំងអគាររដ្ឋាភិបាលនិងពន្ធនាគារផងដែរ។
ម្រេចកំពត
កំពត មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារម្រេចដែលមានគុណភាព និងមានប្រវតិ្តសាស្ត្រយូរអង្វែងជាងមួយសតវត្សរ និងមានឈ្មោះបោះសំឡេងថាជាម្រេចមានគុណភាពខ្ពស់ក្នុងពិភពលោក។ អាកាសធាតុនិងប្រភេទដីរបស់ខេត្តកំពត បូករួមជាមួយនឹងបទពិសោធរបស់អ្នកដាំម្រេចដែលបន្តទុកជាច្រើនជំនាន់ ធ្វើឲ្យម្រេចកំពតមានលក្ខណៈពិសេសដាច់ដោយឡែក និងទទួលស្គាល់ទូទាំងពិភពលោក។ ពេលវេលាដែលប្រសើរក្នុងការទស្សនាចំការម្រេចគឺមុនរដូវប្រមូលផលគឺក្នុងខែមីនានិងមេសា។
ផ្លែឈើប្រចាំខេត្តកំពត
ប្រសិនបើលោកអ្នកធ្វើដំណើរពីភ្នំពេញទៅកំពត លោកអ្នកនឹងបានឃើញរូបសំណាកធុរេនយក្សដ៏ធំ ជាការបញ្ជាក់ថាលោកអ្នកបានអញ្ជើញមកដល់ខេត្តកំពតហើយ។ វាមិនមែនជាការចៃដន្យទេ តែនេះគឺជាការបង្ហាញពីអត្តសញ្ញាណមួយនៃខេត្តកំពតដែលមានធុរេនដ៏ឈ្ងុយឆ្ងាញ់ល្បីល្បាញនៅក្នុងតំបន់។
ដូចជាខេត្តដែលមានសក្តានុពលលើផ្នែកកសិផលហូបផ្លែដទៃទៀតដែរ ក្រៅពីធុរេន ខេត្តកំពតក៏ផលិតនូវផ្លែឈើតាមរដូវមួយចំនួនទៀតដូចជាដូង ស្វាយ សាវម៉ាវ និងមង្ឃុតជាដើម។ ដោយឡែកផ្លែធុរេននិងដូង គឺជាកសិផលដ៏សំខាន់ជាងគេក្នុងខេត្តកំពត ដែលផ្គត់ផ្គង់សឹងតែទូទាំងរាជធានីភ្នំពេញ។
រូងភ្នំថ្មកំបោរ
រូងភ្នំមួយចំនួននៅជិតទីក្រុងកំពតគឺជារូងភ្នំថ្មកំបោរ ដែលមានអាយុកាលតាំងពីមុនសម័យអង្គរមកម្ល៉េះ។ ជាមួយគ្នានេះ ប្រាសាទឥដ្ឋដែលមានទម្រង់ផ្សេងៗពីគ្នាក៏ត្រូវបានសាងសង់នៅក្នុងល្អាងភ្នំទាំងនេះដែរ។ រូងភ្នំដែលមានប្រជាប្រិយភាពជាងគេ គឺរូងភ្នំឆ្នុក រូងភ្នំស្លាតាអូន រូងភ្នំសរសៀរ និងរូងភ្នំកំពង់ត្រាច។
ផ្លូវទៅកាន់ភ្នំសរសៀរ មានលក្ខណៈងាយស្រួលជាងគេនិងមានចម្ងាយប្រមាណ8គីឡូម៉ែត្រពីក្រុងកំពត។
រូងភ្នំសរសៀរ ត្រូវបានគេស្គាល់ភាគច្រើនថាជារូងភ្នំដំរីស ដោយក្នុងរូងនេះមានថ្មដុះចេញមកមានរូបរាងដូចជាសត្វដំរី។ នៅទីនេះ មានជណ្តើរឡើងទៅខាងលើភ្នំដែលអាចឲ្យភ្ញៀវទេសចរគយគន់សម្រស់វាលស្រែដ៏ស្រស់ស្អាត ជាពិសេសគឺនៅក្នុងរដូវវស្សា។ ដោយឡែក ភ្នំកំពង់ត្រាច គឺល្បីល្បាញតាមរយៈរូងភ្នំដែលមានសំណង់ប្រាសាទបុរាណបាក់បែកបន្សល់ទុកតាំងពីយូរមកហើយ។
ឆ្នេរសមុទ្រ និង កោះ
ឆ្នេរសមុទ្រខេត្តកំពត គឺជាឆ្នេរសមុទ្រដែលសម្បូរទៅដោយដើមកោងកាង និងដើមដូងដុះព្រោងព្រាតនៅក្បែរឆ្នេរ ដែលជាសម្រស់ទាក់ទាញអន្ទងចិត្តភ្ញៀវទេសចរឲ្យលម្ហែកម្សាន្តនៅទីនេះ។ សមុទ្រកំពត ក៏ជាទីដៅដ៏ល្អពិសេសសម្រាប់ការកម្សាន្តនិងការជ្រមុជទឹកមើលផ្កាសមុទ្រផងដែរ។ ដោយឡែក កោះនានានៅក្នុងខេត្តកំពត មានខ្សាច់សស្អាត និងមានលក្ខណៈជាតិគ្មានការកែឆ្នៃ។
ព័ត៌មានសម្រាប់ភ្ញៀវទេសចរ៖
ភាសា៖ ខ្មែរ អង់គ្លេស និងរុស្ស៊ី
រូបិយបណ្ណ៖ លុយរៀលខ្មែរ ឬ ដុល្លារអាមេរិក
អាកាសធាតុ៖ អាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងមានសីតុណ្ហភាពចាប់ពី 15°C ទៅ 25°C ឬ59°F ទៅ 77°F (សូមយកសម្លៀកបំពាក់ក្រាស់ៗមកជាមួយផង)
អគ្គិសនី៖ 220វ៉ុល
ទិដ្ឋាការ៖ សូមចូលទៅកាន់គេហទំព័រ http://www.mfaic.gov.kh

រូបភាព

ត្រឡប់ បន្ទាប់